ការពន្យាពេលមិនមែនជាការបដិសេធឡើយ
កូនប្រុសរបស់ខ្ញុំទាំងពីរនាក់ មានថ្ងៃខួបកំណើត ក្នុងខែធ្នូ។ កាលពួកគេនៅតូច អែនហ្គូស(Angus) ដឹងថា បើសិនជាគាត់មិនទទួលបានរបស់លេងដែលគាត់ចង់បាន សម្រាប់ថ្ងៃខួបកំណើតរបស់គាត់ នៅដើមខែធ្នូទេ នោះគាត់ប្រហែលជាអាចទទួលបានរបស់លេងនោះ នៅថ្ងៃបុណ្យណូអែលហើយ។ ហើយបើសិនជាដាវីឌ(David) ដែលជាកូនច្បងមិនបានទទួលអំណោយរបស់ខ្លួន នៅថ្ងៃបុណ្យណូអែលទេ នោះគាត់ប្រហែលជាទទួលបានអំណោយនោះ នៅថ្ងៃខួបកំណើតរបស់គាត់ នៅ៤ថ្ងៃទៀត។ ដូចនេះ ការពន្យាពេលឲ្យអំណោយ មិនមានន័យថា ពួកគេនឹងមិនបានទទួលអំណោយនោះឡើយ។
មានពេលមួយនាងម៉ារា និងនាងម៉ាថា បានឲ្យគេទៅយាងព្រះយេស៊ូវមក ពេលដែលលោកឡាសាកំពុងឈឺធ្ងន់(យ៉ូហាន ១១:១-៣)។ ពួកគេប្រហែលជាទន្ទឹងចាំមើលផ្លូវព្រះអង្គ ដោយចិត្តអន្ទះសារ ប៉ុន្តែ មិនឃើញព្រះអង្គយាងមកសោះ។ ពេលដែលពិធីបុណ្យសពបានកន្លងផុតទៅ៤ថ្ងៃហើយ ទីបំផុត ព្រះយេស៊ូវក៏បានយាងមកដល់ភូមិពួកគេ(ខ.១៧)។
នាងម៉ាថាក៏បានទូលព្រះអង្គត្រង់ៗថា “ព្រះអម្ចាស់អើយ បើសិនជាទ្រង់បានគង់នៅទីនេះ នោះប្អូនខ្ញុំម្ចាស់មិនបានស្លាប់ទេ”(ខ.២១)។ ភ្លាមៗនោះ នាងក៏បាននិយាយដោយសេចក្តីជំនឿថា “ប៉ុន្តែ ខ្ញុំម្ចាស់ដឹងថា ទោះទាំងនៅគ្រាឥឡូវនេះ នោះការអ្វីដែលទ្រង់នឹងសូមពីព្រះ គង់តែព្រះនឹងប្រទានមកទ្រង់ជាមិនខាន”(ខ.២២)។ ត្រង់ចំណុចនេះ តើនាងរំពឹងចង់បានអ្វី? លោកឡាសារបានស្លាប់ទៅហើយ ហើយនាងមិនហ៊ានឲ្យគេបើកផ្នូររបស់គាត់ទេ។ ប៉ុន្តែ ពេលដែលព្រះយេស៊ូវមានបន្ទូលតែមួយព្រះឱស វិញ្ញាណរបស់លោកឡាសាក៏បានត្រឡប់មកចូលក្នុងរូបកាយដែលបានរលួយនោះវិញ(ខ.៤១-៤៤)។ ដូចនេះ ព្រះយេស៊ូវបានពន្យាពេលការប្រោសជម្ងឺ របស់មិត្តសំឡាញ់របស់ព្រះអង្គម្នាក់នេះ ដើម្បីឲ្យព្រះអង្គមានឱកាសធ្វើការអស្ចារ្យ ដែលប្រសើរជាងការប្រោសជម្ងឺទៅទៀត គឺការប្រោសឲ្យគាត់រស់ឡើងវិញ។
ការរង់ចាំការឆ្លើយតបរបស់ព្រះ ក៏អាចនាំឲ្យយើងទទួលនូវការអស្ចារ្យ លើសពីការរំពឹងគិតរបស់យើងទៅទៀត។-Marion…
សម្រាកក្នុងព្រះ
មុនពេលកូនប្រុសច្បងរបស់ខ្ញុំទៅរៀននៅសកលវិទ្យាល័យ ក្រុមគ្រួសាររបស់ខ្ញុំបានដើរលេងជុំគ្នា នៅពេលឈប់សម្រាក។ ពេលយើងអង្គុយនៅកៅអីជួរខាងក្រោយ នៃព្រះវិហារតូចមួយ ដែលនៅក្បែរមាត់សមុទ្រ ចិត្តរបស់ខ្ញុំមានពេញដោយក្តីស្រឡាញ់ ខណៈពេលដែលខ្ញុំក្រឡេកមើលកូនទាំង៥នាក់របស់ខ្ញុំ ដែលអង្គុយតាមជួរដ៏មានរបៀប។ ខ្ញុំក៏បានអធិស្ឋានក្នុងចិត្តថា “ព្រះអម្ចាស់ សូមការពារ ហើយជួយពួកគេឲ្យប្រកបស្និទ្ធស្នាលនឹងព្រះអង្គ”។ ទន្ទឹមនឹងនោះ ខ្ញុំក៏បានគិតអំពីសំពាធ និងការលំបាក ដែលពួកគេម្នាក់ៗជួបផងដែរ។
បទទំនុកបរិសុទ្ធចុងក្រោយ ដែលយើងច្រៀងក្នុងកម្មវិធីថ្វាយបង្គំថ្ងៃនោះ គឺមានវគ្គបន្ទរដែលចាក់ចុចចិត្ត ដែលបានប្រើពាក្យពេចន៍ ក្នុងបទគម្ពីរ ២ធីម៉ូថេ ១:១២។ យើងបានបន្លឺសម្លេងច្រៀងថា “តែ ខ្ញុំស្គាល់ព្រះ ដែលខ្ញុំបានជឿតាម ហើយខ្ញុំជឿពិតថា ទ្រង់អាចថែរក្សា បញ្ញើដែលខ្ញុំផ្ញើទុកនឹងទ្រង់ រហូតដល់ថ្ងៃនោះកាលណា”។ បទចម្រៀងនេះ បាននាំឲ្យខ្ញុំមានសន្តិភាពក្នុងចិត្ត ដោយបានធានាដល់ខ្ញុំថា ព្រះទ្រង់នឹងថែរក្សាព្រលឹងវិញ្ញាណរបស់ពួកគេ។
អស់រយៈពេលជាច្រើនឆ្នាំក្រោយមក ជួនកាល ក្នុងចំណោមកូនរបស់ខ្ញុំ មានកូនខ្លះបានវង្វេងចេញពីព្រះ ហើយក៏មានពេលដែលកូនខ្លះទៀត បានប្រឆាំងបះបោរនឹងព្រះយ៉ាងខ្លាំង។ ជួនកាល ខ្ញុំឆ្ងល់អំពីភាពស្មោះត្រង់របស់ព្រះ។ តែពេលនោះ ខ្ញុំនឹកចាំអំពីលោកអ័ប្រាហាំ។ គាត់ធ្លាប់ជំពប់ដួល តែគាត់មិនដែលខាននឹងទុកចិត្តលើព្រះបន្ទូលសន្យា ដែលគាត់បានទទួលពីព្រះឡើយ(លោកុប្បតិ្ត ១៥:៥-៦ រ៉ូម ៤:២០-២១)។ ក្នុងអំឡុងពេលជាច្រើនឆ្នាំ នៃការរង់ចាំ និងប្រព្រឹត្តខុស លោកអ័ប្រាហាំបានប្រកាន់ខ្ជាប់ តាមព្រះបន្ទូលសន្យារបស់ព្រះ រហូតដល់អ៊ីសាក់ចាប់កំណើត។
គំរូរបស់លោកអ័ប្រាហាំបានលើកទឹកចិត្តខ្ញុំ ឲ្យនឹកចាំថា…
គ្រឹះដែលត្រឹមត្រូវ
មានពេលមួយ ខ្ញុំបានឲ្យគេជួសជុលផ្ទះចាស់មួយខ្នង ដែលខ្ញុំបានទទួលជាកេរមរតក។ ជាងសំណង់បានប្រាប់ដំណឹងអាក្រក់ថា ពេលដែលគ្នាគាត់ចាប់ផ្តើមកែបន្ទប់ដាក់ឡានមួយចំហៀង ធ្វើជាការិយាល័យឲ្យខ្ញុំ ពួកគាត់បានរកឃើញថា ជញ្ញាំងរបស់បន្ទប់នោះ ស្ទើរតែគ្មានគ្រឹះនៅពីក្រោម។ ពួកគាត់ត្រូវរុះជញ្ជាំងទាំងនោះចោល រួចសង់គ្រឹះថ្មីមួយ ដើម្បីសង់ជញ្ជាំងឡើងវិញ។ ខ្ញុំក៏បានគិតអំពីលុយដែលត្រូវចំណាយបន្ថែម តែក្នុងចិត្តម្នាក់ឯង ហើយក៏បានប្រាប់គាត់ឲ្យ គ្រាន់តែជួសជុលជញ្ជាំងនោះបានហើយ។ តែគាត់នៅតែមិនយល់ស្របនឹងមតិរបស់ខ្ញុំ ហើយប្រាប់ថា គាត់ត្រូវជីកគ្រឹះ ឲ្យមានជម្រៅដែលត្រឹមត្រូវ ពុំនោះទេ មន្ត្រីត្រួតពិនិត្យសំណង់ នឹងមិនព្រមឲ្យយើងធ្វើការសាងសង់ឡើយ ព្រោះការសង់គ្រឹះឲ្យបានត្រឹមត្រូវ ពិតជាសំខាន់ណាស់។
គ្រឹះដ៏រឹងមាំ នាំឲ្យមានភាពស្ថិតស្ថេរគង់វង្ស។ ព្រះយេស៊ូវទ្រង់ជ្រាបថា ទោះបីជាគេមិនអាចមើលឃើញគ្រឹះដែលកប់នៅក្រោមដីក៏ដោយ ក៏គ្រឹះពិតជាសំខាន់ ចំពោះភាពរឹងមាំ និងស្ថេរភាពរបស់ផ្ទះ(ម៉ាថាយ ៧:២៤-២៥) ជាពិសេស នៅពេលដែលមានព្យុះភ្លៀង។ ព្រះអង្គក៏ជ្រាបអំពីចិត្តរបស់អ្នកស្តាប់ព្រះបន្ទូលព្រះអង្គផងដែរ។ ពួកគេងាយនឹងទទួលរងការល្បួង ឲ្យរកវិធីងាយៗ ដោយប្រើផ្លូវកាត់ ឬធ្វើអ្វីតែពាក់កណ្តាល ដើម្បីសម្រេចគោលបំណងរបស់ខ្លួន។ ម្យ៉ាងទៀត ការសាងសង់គ្រឹះខ្លះអាចចំណាចពេលតិចជាង និងមានភាពងាយស្រួលជាង។ ប៉ុន្តែ ដើម្បីការសង់ជីវិតរបស់យើង នៅលើគ្រឹះដែលត្រឹមត្រូវ យើងចាំបាច់ត្រូវមានការខិតខំ ដោយសង់នៅលើសេចក្តីពិតរបស់ព្រះ ដែលជាថ្មដាដ៏រឹងមាំ ដែលសមនឹងឲ្យយើងកសាងជីវិតពីលើ។ ពេលព្យុះនៃជីវិតបក់បោកមក ផ្ទះដែលសង់នៅលើព្រះអង្គ ហើយមានព្រះអង្គជាជំហរ អាចឈរយ៉ាងមាំមួន។-Marion Stroud
ភាពល្វីងជូរចត់
ពេលដែលស្វាមីរបស់អ្នកស្រីជែននី(Jenny) ចាកចោលគាត់ ទៅរួមរស់ជាមួយស្ត្រីម្នាក់ អ្នកស្រីជែននីបានស្បថថា គាត់នឹងមិនជួបប្រពន្ធក្រោយរបស់ប្តីគាត់ជាដាច់ខាត។ ប៉ុន្តែ ក្រោយមក គាត់ក៏បានដឹងថា ភាពល្វីងជូរចត់ដែលដក់ជាប់ក្នុងចិត្តគាត់ កំពុងតែបំផ្លាញទំនាក់ទំនងដែលកូនៗរបស់គាត់ មានជាមួយឪពុករបស់ពួកគេ បានជាគាត់ទូលសូមឲ្យព្រះអង្គជួយ ឲ្យគាត់អាចបោះជំហាន ឆ្ពោះទៅរកការជម្នះភាពល្វីងជូរចត់ ក្នុងស្ថានភាពដែលគាត់មិនអាចកែប្រែបាន។
បទគម្ពីរលោកុប្បត្តិ ជំពូក១៦ បានចែងអំពីប្តីប្រពន្ធមួយគូ ដែលព្រះទ្រង់បានសន្យាប្រទាន ឲ្យពួកគេមានកូនប្រុសម្នាក់។ ពេលនោះ នាងសារ៉ាយមិនបានទុកចិត្តទាំងស្រុងថា ព្រះទ្រង់នឹងប្រទានកូននោះ តាមព្រះបន្ទូលសន្យាទេ បានជានាងក៏បានឲ្យប្តីនាងមានកូនជាមួយនាងហាការ ដែលស្រីបម្រើ។ ពេលកូននោះកើតមក នាងហាការក៏បានមើលងាយនាងសារ៉ាយ(លោកុប្បត្តិ ១៦:៣-៤) ហើយនាងសារ៉ាយក៏មានចិត្តល្វីងជូរចត់(ខ.៥-៦)។
នាងហាការធ្លាប់តែធ្វើជាទាសករ ដែលគ្មានសិទ្ធិសេរីភាព តែនាងស្រាប់តែក្លាយជាមនុស្សពិសេស។ តើនាងសារ៉ាយបានឆ្លើយតបយ៉ាងដូចម្តេចខ្លះ? គឺនាងបានឆ្លើយតប ដោយស្តីបន្ទោសអ្នកដទៃ រួមទាំងលោកអាប់រ៉ាមជាប្តីផងដែរ(ខ.៥)។ តែក្រោយមក ព្រះបន្ទូលសន្យារបស់ព្រះក៏បានសម្រេច ពេលអ៊ីសាក់ចាប់កំណើត ១៤ឆ្នាំក្រោយមក។ សូម្បីតែ ពិធីជប់លៀងអបអរអ៊ីសាក់ក៏ត្រូវធ្វើឲ្យខូច ដោយសារអាកប្បកិរិយ៉ារបស់នាងសារ៉ាយ ដែលមានចិត្តល្វីងជូរចត់នោះផងដែរ(២១:៨-១០)។
នាងស៉ារ៉ាយមានការពិបាក ក្នុងការទទួលយកផលវិបាកនៃការសម្រេចចិត្ត ឲ្យលោកអាប់រ៉ាមមានកូនជាមួយនាងហាការ មុនពេលព្រះទ្រង់សម្រេចព្រះបន្ទូលសន្យា។ មានតែការអស្ចារ្យនៃព្រះគុណព្រះប៉ុណ្ណោះ ដែលអាចកែប្រែអត្តចរិករបស់នាងបាន ហើយអ្វីៗក៏នឹងមានការផ្លាស់ប្តូរទន្ទឹមនឹងនោះផងដែរ។ នាងសារ៉ាយបានសម្រេចចិត្តជ្រុលហួសទៅហើយ គឺមិនអាចបកក្រោយបានទេ ប៉ុន្តែ តាមរយៈកម្លាំងរបស់ព្រះ នាងអាចរស់នៅជាមួយនឹងផលវិបាកនោះបាន ព្រមទាំងថ្វាយសិរីល្អដល់ព្រះអង្គផង។-Marion Stroud
ព្រះអង្គមិនបានភ្លេចខ្ញុំទេ
ការរង់ចាំ តែងតែមានការពិបាក ទោះជានៅពេលណាក៏ដោយ ប៉ុន្តែ យើងងាយនឹងមានអារម្មណ៍ថា ព្រះទ្រង់បានភ្លេចយើង កាលណាពេលវេលាបានកន្លងផុតទៅ ជាច្រើនថ្ងៃ ច្រើនអាទិត្យ ឬច្រើនខែ ហើយការអធិស្ឋានរបស់យើងហាក់ដូចជាគ្មានការឆ្លើយតបពីព្រះទេនោះ។ ការរង់ចាំមានការពិបាកនៅពេលយប់ ខ្លាំងជាងពេលថ្ងៃ។ ដោយសារនៅពេលថ្ងៃមានកិច្ចការជាច្រើនដែលយើងធ្វើ ដែលធ្វើឲ្យយើងមិនសូវគិតអំពីការរង់ចាំនោះ តែនៅពេលយប់ យើងពិតជាមានការពិបាកនៅក្នុងការជម្នះអារម្មណ៍អន្ទះសារ។ ការព្រួយបារម្ភក៏បានគ្របសង្កត់ចិត្តយើងកាន់តែខ្លាំង ហើយយើងហាក់ដូចជាស្ថិតក្នុងពិភពងងឹតដែលមិនចេះចប់។ យើងក៏ប្រែជាខ្សោះអស់កម្លាំង គឺហាក់ដូចជាមិនអាចប្រឈមមុខនឹងថ្ងៃស្អែកបានឡើយ។
យ៉ាងណាមិញ អ្នកនិពន្ធទំនុកដំកើង ក៏មានអារម្មណ៍ខ្សោះល្វើយ នៅក្នុងការរង់ចាំផងដែរ(ទំនុកដំកើង ១៣:១)។ គាត់មានអារម្មណ៍ថា គេបានបោះបង់គាត់ចោល គឺហាក់ដូចជាពួកសត្រូវកំពុងតែមានប្រៀបមកលើខ្លួនហើយ(ខ.២)។ យើងងាយនឹងបាក់ទឹកចិត្ត ពេលដែលយើងកំពុងរង់ចាំព្រះដោះស្រាយបញ្ហាដ៏ពិបាកណាមួយ ឬរង់ចាំព្រះអង្គឆ្លើយតបការអធិស្ឋានដែលយើងបានទូលសូមព្រះអង្គជាច្រើនដង។
សាតាំងបានខ្សិបថា ព្រះបានភ្លេចយើងហើយ ហើយអ្វីៗមិនអាចល្អប្រសើរឡើងវិញឡើយ។ ការល្បួងប្រហែលជានាំឲ្យយើងអស់សង្ឃឹម។ ស្ថិតក្នុងពេលបែបនោះ យើងប្រហែលជាឆ្ងល់ថា តើយើងត្រូវអានព្រះគម្ពីរ ឬអធិស្ឋានធ្វើអ្វីទៀត? ហេតុអ្វីបានជាយើងចាំបាច់ត្រូវព្យាយាមទៅថ្វាយបង្គំព្រះ ជាមួយនឹងគ្រីស្ទបរិស័ទដទៃទៀត? ប៉ុន្តែ យើងត្រូវដឹងថា យើងត្រូវការភាពរស់រវើកខាងវិញ្ញាណជាទីបំផុត ពេលដែលយើងកំពុងរង់ចំា។ យើងត្រូវបន្តអធិស្ឋាន អានព្រះគម្ពីរ និងធ្វើកិច្ចការខាងវិញ្ញាណដទៃទៀត ដើម្បីឲ្យយើងមានភាពនឹងន នៅក្នុងការបង្ហូរចេញនូវសេចក្តីស្រឡាញ់របស់ព្រះ ហើយដើម្បីឲ្យយើងងាយនឹងឆ្លើយតប ចំពោះការដឹកនាំរបស់ព្រះវិញ្ញាណ។
អ្នកនិពន្ធទំនុកដំកើងមានដំណោះស្រាយមួយ។ គឺគាត់បានជញ្ជឹងគិតអំពីសេចក្តីស្រឡាញ់របស់ព្រះ ដោយរំឭកខ្លួនឯង អំពីព្រះពរដែលគាត់ធ្លាប់ទទួលកាលពីមុន ហើយសរសើរដំកើងព្រះអស់ពីចិត្ត ដែលព្រះអង្គមិនដែលភ្លេចគាត់ឡើយ។ ដូចនេះ…